
បាត់ដំបង ៖ បុរសពីរនាក់បានស្លាប់ភ្លាមៗ និងមា្នក់ទៀតរបួសស្រាល ដោយសារជិះម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យទាក់ដៃចង្កូតគ្នា ហើយដួលខ្ទាតចូលរថយន្ដដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាកិនស្លាប់តែម្ដង។
ហេតុការណ៏នេះបានកើតឡើងកាលពី យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី៣ ភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ជិះម៉ូតូម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ បាត់ដំបង ១L-៧៥៨៨ ជិះគ្នាពីរនាក់ បានបើកជែងម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា ហើយក៏បានទាក់ដៃចង្កូតគ្នា ទើបបណ្តាលឱ្យដួលហើយខ្ទាតចូលរថយន្តដែលបើកបរក្នុងល្បឿនលឿ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា បុកពេញទំហឹង ហើយកិនស្លាប់តែម្តង ចំណែកភាគីម៉ូតូម្ខាងទៀតបានដួលដែរ ប៉ុន្តែរងរបួសស្រាល។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡយ ឃ្លោក ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបររស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន (ស្លាប់) ។
និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះអិត តេន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិប្រឡាយប្រាក់ ឃុំអង្គបាន ស្រុកសំពៅលូនខេត្ត បាត់ដំបង (ស្លាប់) ។
រីឯ បើកបរខាងរថយន្តម៉ាកត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AA-០៤១១ ឈ្មោះ ណាំ សុពៅ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មិនមានរបួស តែត្រូវឃាត់ខ្លួន ។