
ភ្នំពេញ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាសមាគមក្រៅរដ្ឋាភិបាលមួយដែលធ្វើសកម្មភាពផ្តោតសំខាន់លើវិស័យព័ត៌មាននៅកម្ពុជា បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី២៩ ។
សារលិខិតអបអរសាទររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរំលេចខ្លឹមសារដូច្នេះថា ៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី២៩ ក្រោមប្រធានបទ “សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល” ដែលបានប្រារព្ធឡើងនាថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ ។
សារលិខិតដដែលក៏បានគូសបញ្ជាក់ដែរថា ៖ ទិវាសេរីភាពសារព័ត៌មានសកលលោក ប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាព នៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងការរម្លឹកដល់ប្រទេសទាំងឡាយនៅលើសកលលោក ដែលបានប្តេជ្ញាចិត្តក្នុងការគោរពសេរីភាពសារព័ត៌មាន អោយយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិ សេរីភាពសារព័ត៌មាន និងធានាសុវត្ថិភាពដល់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងជំរុញឱ្យស្ថាប័ន្ធសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ ប្រកបដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជន ។
ក្នុងសារលិខិតអបអរសាទរដដែល ថ្នាក់ដឹកនាំ និងសមាជិក សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានជូនពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕