
ភ្នំពេញ ៖ លោក ជុង សុជាតិ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិការបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចំនួន ១ ០០០ ០០០(មួយលាន)រៀល ប្រគល់ជូនលោក ឃឹម វិសាល សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងជាអ្នកសារព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ថោន ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បាន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ជុង សុជាតិ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានសម្តែងនូវការសោកស្តាយចំពោះគ្រោះថ្នាក់ដែលបានកើតឡើងលើលោក ឃឹម វិសាល និងសូមជូនពរឲ្យលោកឆាប់បានជាសះស្បើយផងដែរ ។
លោក ឃឹម វិសាល បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចុះសួរសុខទុក្ខ និងនាំយកទាំងថវិកា ឧបត្ថម្ភដល់រូបលោក ។ លោកបន្តថា សកម្មភាពនេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លា ប្រកបដោយការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខសមាជិក សមាជិកា របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ។
សូមជម្រាបជូនថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ស្ថិតនៅផ្ទះលេខ២២ ផ្លូវលេខ១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធដំណើរការ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងដោយក្រុមបញ្ញវន្ត និងជាអ្នកសារព័ត៌មាន ក្នុងគោលដៅចងក្រងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននានា ជាសម្ព័ន្ធ ដោយឈរលើមូលដ្ឋានឯករាជ្យ ពង្រឹងគុណភាព និងការផ្សព្វផ្សាយ រួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍប្រទេសជាតិ អោយកាន់តែសំបូររុងរឿង ក្រោមដំបូលនៃសន្តិភាពតែមួយ។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ លេខ១០៥៩ ប្រក. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងកំពុងរៀបចំឯកសារចុះបញ្ជីស្នើសុំកិច្ចសហការពីក្រសួងព័ត៌មាន ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មាន ចំនួន ២៣អង្គភាព ជាសមាជិក មានអង្គការ សមាគម ចំនួន ៨ និងក្រុមហ៊ុនឯកជន ចំនួន ៦ ជាដៃគូសហការ និងមានអ្នកសារព័ត៌មាន ជាច្រើននាក់ ជាសមាជិក។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលស្វាគមន៍បណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលជាសមាជិកសមាគម នៅផ្ទះលេខ២២ ផ្លូវលេខ១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 010 777 133 / 068 77 6000 / 092 75 6000៕