
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់អង្គភាពសារព័ត៌មានសករាជថ្មី ឲ្យបានដឹងថាមុនពេលកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿង សណ្ដោងទូរកុងតឺន័រ ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-5487 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងឆ្វេងដៃ រួចជ្រុលទៅបុកខឿនសួនច្បារខណ្ឌចែកទ្រូងផ្លូវ ហើយបានផ្លោងទៅបុកបង្គោលភ្លើងមួយដើមទៀតបាក់រាបដល់ដី ទៅមុខលែងរួច ។ ចំណែកឯតែកុងរថយន្តបន្ទាប់ពីកើតហេតុឃើញស្ថានភាពមិនស្រួលក៏បានរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់។
អត្ថបទ ÷ លោក សេង បូលីន