
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងផេកផ្លូវការរបស់ខ្លួន នៅមុននេះបន្តិចថា ការអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសបារាំង របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដើម្បីពិនិត្យ តាមដានស្ថានភាពសុខភាពរបស់សម្តេចផ្ទាល់ តាមការតម្រូវរបស់ក្រុមវេជ្ជបណ្ឌិត នៃប្រទេសបារាំង ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះតទៅ បន្ទាប់ពីបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា ការអញ្ជើញទៅពិនិត្យតាមដានសុខភាពរបស់សម្ដេចក្រឡាហោម នៅប្រទេសបារាំង នាពេលនេះ គឺជាលើកទី២ ហើយ បន្ទាប់ពីសម្ដេច ធ្លាប់បានអញ្ជើញទៅពិនិត្យសុខភាព និងទទួលការព្យាបាលនៅប្រទេសបារាំង ដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ។
ក្នុងនោះដែរឯកឧត្តម ស សុខា ក៏បានគោរពជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងដំណើរទៅពិនិត្យ និងតាមដានសុខភាពនៅប្រទេសបារាំង សូមទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ សុខភាពល្អបរិបូរណ៍ និងសូមបានចៀសផុតពីជំងឺទាំងឡាយទាំងពួងកុំបីខានឡើយ៕