
កំពង់ឆ្នាំង ៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខ ចាក់មួយកាំបិត ស្លាប់ភ្លាមៗបន្ទាប់ពី ឌឺដងពាក្យសម្តីគ្នា ។
ហេតុការនេះបានកើតឡើងកាលពី វេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែក សាលាគំរូ ក្រុងកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ប៉ុល សារឿន ភេទប្រុស រស់នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
បើតាមចម្លើយបក្ខពួករបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ភាគីជនរងគ្រោះ មានគ្នា ៤ នាក់ បានជិះម៉ូតូ ២គ្រឿង ដើម្បីទៅរករឿងវ៉ៃគេ នៅដីថ្មី តែមិនបានវ៉ៃ ក៍ជិះម៉ូតូត្រឡប់មកវិញ ដល់រង្វង់មូលវិមានឯករាជ្យ ជិះវង់មួយជុំ ហើយចេញមក ផ្លូវបំបែក ក៍ឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងគ្នា ៣នាក់ (ស្រី២នាក់) ។
ពេលជនរងគ្រោះ ឃើញហើយជិះម៉ូតូទៅអែប និងមើលមុខគ្នាចុះឡើងៗ និងឌឺដងពាក្យសម្តីដាក់គេហើយបានឈប់ម៉ូតូ និងចុះដើរទៅរករឿងគេ រួចបានទាញខ្សែក្រវាត់វ៉ៃ ទៅលើភាគី ម្ខាងទៀត តែរបូត ក្បាលខ្សែក្រវាត់ ។
ពេលនោះភាគីម្ខាងទៀត បានទាញកាំបិតកៃ ចាក់ជនរងគ្រោះ ចំឆ្អឹងជំនី ផ្នែកខាងឆ្វេង១កាំបិត នៅពេលជនដៃដល់ ចាក់ចំជនរងគ្រោះនោះ ចំណែកបក្ខពួកជនរងគ្រោះ ភ័យ មិនហ៊ានចូលជួយទេ ហើយជនដៃដល់ បានជិះម៉ូតូឌុបស្រី ២ នាក់ គេចចេញពីកន្លែងកើតហេតុ បាត់ទៅ រីឯបក្ខពួកជនរងគ្រោះបាននាំគ្នាដឹកជនរងគ្រោះ យកទៅមន្ទីពេទ្យ ដោយគិតថា ជនររងគ្រោះ របួសតិចតួច ។
ក្រោយពេលកើតហេតុបាន ២ ទៅ ៣ ម៉ោង ភាគីជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ចថា មានករណីចាក់ សម្លាប់គ្នា ដោយសារតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ភ្លាមៗនោះ សមត្ថកិច្ច បានចុះទៅពិនិត្យ សាកសព និងបានធ្វើកំណត់ហេតុ រួចរាល់ បានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធករណីចាក់សម្លាប់គ្នា ខាងលើនេះ សមត្ថកិច្ច កំពុងបើកការស្រាវជ្រាវ រកជនដៃដល់ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕