កណ្តាល ៖ ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីសិស្សសាលាពីរនាក់កំពុងតែជិះម៉ូតូទៅរៀន តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចក្របួចជាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលគល់ស្ពានព្រែកសំរោង ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ២នាក់ ទី១ឈ្មោះ ធី លីហួង ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(រងរបួសប្រអប់ជើងខាងស្តាំ) ទី២ឈ្មោះ យ៉ន កន្និកា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(របួសក្បាលជង្គង់ និងស្មារខាងស្តាំ)។
សមត្ថកិច្ចបានបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់កំពុងតែជិះម៉ូតូទៅរៀននៅសាលាវិទ្យាល័យហ៊ុនសែនតាខ្មៅ លុះដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ២នាក់ បានជិះម៉ូតូតាមមកពីក្រោយរហូតដល់ទន្ទឹមគ្នា ក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងខ្លុបម៉ូតូខាងមុខ រួចជិះគេចខ្លួន ។
ភ្លាមនោះជនរងគ្រោះបានស្រែកថា ចោរៗ ហើយបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់រោងចក្រដើមត្នោតក៏បានបុកម៉ូតូជនសង្ស័យពីក្រោយ បណ្តាលអោយដួលរងរបួសទាំងអស់គ្នា ហើយក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានទាំង ២នាក់ ។
ជនសង្ស័យទាំង ២នាក់ មានឈ្មោះ
ទី១ ឈ្មោះ ស្រ៊ាង វ៉ិនលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរដឹងអីវ៉ាន់អនឡាញ។
ទី២ ឈ្មោះ នឿន បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។
បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ច បញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕