សាធារណរដ្ឋកូរ៉េ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ Korea National Sport University នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រតិភូ ចុះពិនិត្យការហ្វឹកហាត់របស់កីឡាករ និងកីឡាការិនីកម្ពុជា ទាំង ៤ប្រភេទកីឡា ដែលបាន និងកំពុងហ្វឹកហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ ។ ក្នុងឱកាសនោះឯកឧត្តម ស សុខា ក៏បានបន្តដឹកនាំប្រតិភូ ទស្សនាតាមបន្ទប់សិក្សា និងទីលានហ្វឹកហាត់របស់សាកលវិទ្យាល័យកីឡាជាតិកូរ៉េ ផងដែរ។
សូមបញ្ជាក់ថា កីឡាករ កីឡាការិនីកម្ពុជា ចំនួន ២០រូប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចាត់បញ្ជូនឲ្យទៅធ្វើការហ្វឹកហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ សាធារណរដ្ឋកូរ៉េ រយៈពេល ១ខែ ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្កើននូវសមត្ថភាពបច្ចេកទេស និងគុណផល សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលខាងមុខ និងចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា៕