
កំពង់ស្ពឺ៖ រថយន្ដ០២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការខាងលើបានកើតឡើងកាលពី វេលាម៉ោង ៩ៈ៤៥នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ ។
ប្រភពពីសមត្តកិច្ចបានឲ្យដឹងថា បុរសជនជាតិចិនដែលស្លាប់នោះមានឈ្មោះ ថាង ហ័រអី អាយុ ៣២ ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុន សិនហួរកិនថ្ម ភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាអ្នកបើករថយន្ត MAZDAពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5080 បើកបរមកពីទិសខាងកើត ទៅទិសខាងលិច។
លុះមកដល់កន្លែងកើតហេតុខាងលើ រថយន្តក៏រេចង្កូតទៅបុកជាមួយ រថយន្ត NISSAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6436 សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-9359 ដឹកទូកុងទីន័រ ពេញទំហឹង ទើបបណ្តាលអោយបុរសជាជនជាតិចិនស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកឯអ្នកបើកបររថយន្ត សណ្តោងទូកុងតឺន័រមិនស្គាល់អត្តសញ្ញាណខាងលើ បានគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្តកិច្ចជំនាញបានធ្វើការវាស់វែងព្រមទាំងបាន ប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារញាតិមិត្ត យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្តទាំងពីរ ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕