
ភ្នំពេញ ៖ ជនសង្ស័យ ០២នាក់បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូបានសម្រេច រួចជិះរត់គេចខ្លួនបាត់ម្នាក់និងម្នាក់ទៀតត្រូវបងប្អូនប្រជាពលរដ្ឋក្របួចជាប់ប្រគលជូនសមត្ថកិច្ច ។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរផ្សារ៧មករា តាមបណ្ដោយផ្លូវ២៨៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុខ សូហៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ។
ចំណែកឯជនរងគ្រោះមានឈ្មោះ សៅ នូរតនៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូម៉ាកហុងដាប៊ីត ស៊េរីឆ្នាំ២០២២ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1JD-2193 ដែលត្រូវបក្សពួកជនសង្ស័យប្លន់យកទៅបានសម្រេច។
បើតាមប្រភពព័ត៌មានពីបុរសជាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូរបស់ខ្លួនដឹកសង្សារត្រឡប់មកពីញ៉ាំអីនៅឯពោធិ៍ចិនតុង ហើយជូននាងត្រឡប់មកផ្ទះជួលវិញ ដែលស្ថិតនៅត្រង់ចំណុចកើតហេតុ។
លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានចុះពីលើម៉ូតូតែម្នាក់ឯង ដើម្បីចាក់សោទ្វារផ្ទះជួលរបស់នារីជាសង្សារ ដោយមិនបានដកសោចេញពីម៉ូតូនោះទេ ចំណែកឯនារីជាសង្សារនៅអង្គុយលើម៉ូតូនៅឡើយ ។
ពេលដែលរូបគេកំពុងតែឈរចាក់សោទ្វារផ្ទះជួលនោះ ស្រាប់តែលេចមុខជនសង្ស័យ០២នាក់ បានដើរមកធ្វើសកម្មភាពធាក់នារីជាសង្សារ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូ ហើយជនសង្ស័យក៏នាំគ្នាឡើងជិះម៉ូតូគេចចេញពីកន្លែងកើតហេតុតែម្តង។
ប៉ុន្តែជនរងគ្រោះ ក៏បានស្ទុះរត់ទៅប្រតាយប្រតប់ជាមួយជនសង្ស័យខាងលើ រហូតធ្លាក់ពីលើម៉ូតូ ហើយក៏ត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនបានម្នាក់ភ្លាមៗ។
ចំណែកឯបក្សពួកម្នាក់ទៀត ក៏បានបន្ថែមល្បឿនជិះយកម៉ូតូរបស់ជនរងគ្រោះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ និងកសាងសំណុំរឿង ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕