
ភ្នំពេញ ៖ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តបើកដំណើរការទីស្នាក់ការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ស្ថិតនៅផ្ទះលេខ២២ ផ្លូវលេខ១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងពិធីនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តាមបណ្តារាជធានី ខេត្ត អង្គការ សមាគម និងក្រុមហ៊ុនឯកជន ជាដៃគូសហការ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រមាណចំនួន ៩១អង្គ/នាក់ ។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ លេខ១០៥៩ ប្រក. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងកំពុងរៀបចំឯកសារចុះបញ្ជីស្នើសុំកិច្ចសហការពីក្រសួងព័ត៌មាន ។
សូមបញ្ជាក់ដែរថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងដោយក្រុមបញ្ញវន្ត និងជាអ្នកសារព័ត៌មាន ក្នុងគោលដៅចងក្រងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននានា ជាសម្ព័ន្ធ ដោយឈរលើមូលដ្ឋានឯករាជ្យ ពង្រឹងគុណភាព និងការផ្សព្វផ្សាយ រួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍប្រទេសជាតិ អោយកាន់តែសំបូររុងរឿង ក្រោមដំបូលនៃសន្តិភាពតែមួយ ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មាន ចំនួន ២៣អង្គភាព ជាសមាជិក មានអង្គការ សមាគម ចំនួន ៨ និងក្រុមហ៊ុនឯកជន ចំនួន ៦ ជាដៃគូសហការ និងមានអ្នកសារព័ត៌មាន ជាច្រើននាក់ ជាសមាជិក ។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលស្វាគមន៍បណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលជាសមាជិកសមាគម នៅផ្ទះលេខ២២ ផ្លូវលេខ១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 010 777 133 / 068 77 6000 / 092 75 6000 ៕