
កណ្តាល ៖ ផ្ទះឈើលើថ្មក្រោមមួយខ្នង ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ រួមទាំងម៉ូតូ ៣គ្រឿង និងរថយន្តចំនួន២គ្រឿងទៀតផងដែរ ។
ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃទី២២ មេសា ២០២២ ក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ៦ម៉ែត្រ គុណ ៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង និងរៀបបន្ទប់ថ្មក្រោម ហើយបានឆេះផ្នែកខាងលើ និងសម្ភារៈក្នុងផ្ទះទាំងស្រុង ព្រមទាំងម៉ូតូចំនួន៣គ្រឿង និងឆេះរោលរថយន្តចំនួន២គ្រឿង ផងដែរ ក្នុងនោះ១គ្រឿង ម៉ាក តូយ៉ូតា កាមរី ស៊េរីឆ្នាំ១៩៩២ពណ៌ស្លែ និង១គ្រឿងទៀត ម៉ាក តូយ៉ូតា កាមរី ពណ៌ទឹកប្រាក់ ស៊េរី ឆ្នាំ២០១៤។
លោកវររៈសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងរបស់ការិយាល័យបង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលព្រែកឬស្សី ប្រជាការពារ បានចេញជួយធ្វើអន្តរាគមន៍ ភ្លាមៗផង ដែរ។
ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង និងទឹកអស់ចំនួន៣រថយន្ត និងប្រើពេល១ម៉ោង កន្លះទើប អាចគ្រប់គ្រងសភាពការណ៍ និងរលត់ទាំងស្រុង ។