ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសាររំលែកទុក្ខជូនចំពោះលោកស្រី សាន បុប្ផាវត្តី និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី គឺលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបតិ្តការបង្ក្រាបបទល្មើសគ្រឿងញៀន ។
ក្នុងសារលិខិតបានរំលេចថា មរណភាពរបស់លោកអនុសេនីយ៍ទោ រីម សុផាន់ណា គឺជាការបាត់បង់កូន និងស្វាមី ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុតរបស់ឳពុក ម្តាយ ភរិយា និងញាតិមិត្តទាំងអស់ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាចក្លាហាន បានពលីជីវិតបម្រើជាតិមាតុភូមិ ។
ក្នុងសារលិខិតដដែលឯកឧត្តម ស សុខា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ទោ រីម សុផាន់ណា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕