
បន្ទាយមានជ័យ ៖ យុវជនពិរនាក់ស្រវឹងស្រា ហើយជិះម៉ូតូលឿនជ្រុលទៅប៉ះរយន្តមួយគ្រឿង បណ្ដាលឲ្យដួល ហើយខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិ លេខ៦ ត្រង់ចំណុចខាងកើត មុខខ្លោងទ្វារកងពលលេខ៥១ ក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុនោះ មានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1X8825 បើកដោយឈ្មោះ ភុំ ឃាត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរជាមួយ ឈ្មោះ ណែម វណ្និត ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិជាមួយគ្នា អ្នកបើកម៉ូតូស្រវឹង ហើយបើកក្នុងល្បឿនលឿន ក៏បើកទៅប៉ះ រថយន្តមួយគ្រឿង បណ្តាលឲ្យដួល ។
ស្របពេលនោះ មានរថយន្តម៉ាក TOYOTA SIENA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2V3300 បើកមកពីទិស ខាងកើត មកខាងលិច ក្នុងទិសដៅផ្ទុយគ្នា មកដល់ល្មម ទើបប៉ះថែមទៀត បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ និងអ្នករួមដំណើរ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងរួច បានយក រថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ៕