
ព្រៃវែង ៖ រថយន្ដក្រុងដឹកទំនិញ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ មួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៏បែកកង់ក្រឡាប់ បង្កជាអគ្គិសភ័យឆាបឆេះ រថយន្តនិងឥវ៉ាន់អស់ទាំងស្រុង និងបណ្ដាលឲ្យមនុស្ស ៧នាក់ រងរបួសផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង០៣និង០៥នាទីទាបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅបណ្ដោយផ្លូវជាតិលេខ៨ ចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្ដដែលត្រូវអគ្គិភ័យឆេះជាប្រភេទរថយន្ដក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ ៣D.៨៩៨១ ដឹកអីវ៉ាន់ និងម៉ូតូចំនួន០៤គ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៨ ពីលិចទៅកើត ពេលដល់ចំណុចកើតហេតុខាងលើបានបែកកង់ក្រឡាប់ធ្លាក់ផ្លូវទៅខាងស្តាំដៃបណ្តាលអោយឆេះតែម្ដង និងបណ្តាលអោយមនុស្សចំនួន០៧នាក់ ភេទប្រុសរងរបួសស្រាល។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ កម្លាំងជំនាញអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានចេញរថយន្តអគ្គិភ័យចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត ទើបគ្រប់គ្រងអណ្ដាតភ្លើងបាន៕