
សៀមរាប ៖ មានករណីដ៏គួរអោយភ្ញាក់មួយបានកើតឡើង កាលពីយប់រំលងអាធ្រាធចូលដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ដែលបុរសជាអ្នកចិញ្ចឹមក្រពើម្នាក់បានធ្លាក់ចូលអាងក្រពើនោះ បានស្លាប់បាត់ហើយ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពីក្រុមគ្រួសារយកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
លោក ទេព ពុំសែន អធិការស្រុកពួក បានឱ្យដឹងនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះថា ជនរងគ្រោះដែលបាត់បង់ជីវិតដោយសារក្រពើខាំនេះ គាត់មានសភាពរបួសធ្ងន់ធ្ងរ ចាប់ពីចុងជើងដល់ក្បាល។ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្ដែពេទ្យអស់លទ្ធភាពក្នុងការព្យាបាលក៏បញ្ជូនត្រឡប់ទៅផ្ទះវិញ ហើយបានស្លាប់នៅតាមផ្លូវតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះជាមន្ដ្រីសាលាស្រុកពួក មានឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិ កំពុងតាយ៉ង ឃុំពួកស្រុកពួកខេត្ត សៀមរាប ទីកន្លែងកើតហេតុ បានធ្លាក់ក្នុងអាងចិញ្ចឹមសត្វក្រពើនៅចន្លោះម៉ោងប្រហែល១និង០០នាទីយប់ឈានចូលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ ត្រូវបានសត្វក្រពើខាំរងរបួសច្រើនកន្លែង ត្រូវបានដឹកទៅមន្ទីរពេទ្យក្រុងភ្នំពេញ។ លោក បានឲ្យដឹងទៀតថា: ជនរងគ្រោះមើលថែលើការចិញ្ចឹមសត្វក្រពើ និងដេកយាមនៅអង្រឹងក្នុងរោង លើទ្រុងក្រពើតែម្នាក់ឯង។
នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះ និងក្រុមគ្រួសារជួបជុំគ្នាផឹកស្រានៅផ្ទះ អស់ស្រាបៀរ១កេះ បន្ទាប់បែកគ្នាទៅដេករៀងៗខ្លួន ប៉ុន្ដែជនរងគ្រោះបានឡើងទៅដេកអង្រឹងនៅរោងលើទ្រុងក្រពើ ចម្ងាយពីផ្ទះប្រហែល ៣០ម៉ែត្រម្នាក់ឯង លុះដល់ម៉ោងចន្លោះ០១.០០នាទីយប់ ស្រាប់តែបានលឺសំលែងស្រែកដល់អ្នកផ្ទះជិតខាង និងអ្នកផ្ទះនាំគ្នាក្រោកទៅមើលចំណុចរោងដេកលើទ្រុងក្រពើ បានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ នាំគ្នាយកឈើជួយវាយក្រពើ និងជួយសង្គ្រោះយកជនរងគ្រោះបាន និងដឹកទៅមន្ទីរពេទ្យ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថាអាងដែលជនរងគ្រោះធ្លាក់ចូល គឺ ទ្រុងទំហំ១០ម៉ែត្រ×១២ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ×៨ម៉ែត្រហើយមានសត្វក្រពើប្រភេទមេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល។