
ភ្នំពេញ ៖ រថយន្តឡុកបេតុង បើកលឿនជ្រុលបុកកិនម៉ូតូPCXជាប់អូសជាង៥០ម៉ែត្រ បណ្តាលឲ្យស្លាប់បុរស២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចភ្លើងស្តុបវត្តស្លែង ផ្លូវជាតិលេខ៣ កែងនឹងផ្លូវបេតុងព្រៃស ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះទាំងពីនាក់មានឈ្មោះ
១ឈ្មោះ វ៉ាន់ ចាន់បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅផ្ទះលេខ១២០ ផ្លូវបេតុង ភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូ ។
២ឈ្មោះ ភន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅ ភូមិក្រចាប់ សង្កាត់អូរតៅវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ជាអ្នករួមដំណើរជាមួយ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IW-3018 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកបេតុង ម៉ាកHOWO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0911 របស់ក្រុមហ៊ុនលីហ្វូ បេតុង បើកពីត្បូងទៅជើង បុកម៉ូតូជនរងគ្រោះពេញទំហឹង ហើយកិនជាប់អូស ចំងាយជាង៥០ម៉ែត្រទើបឈប់ បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់នៅនឹងកន្លែង ម្នាក់ធ្លាយពោះ ម្នាក់ខ្ទេចក្បាល ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តយកទៅប៉ុស្តិ៍តែម្ដង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅពិនិត្យស្លាកស្នាម រួចទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត អ្នកបើកបររថយន្ត និងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕