
តបាត់ដំបង ៖ សមត្ថកិច្ចតាមចាប់ជនដៃដល់ម្នាក់ ដៃដល់បានយកត្បូងចបវាយបងប្រុសបង្កើតរបស់ខ្លួនឲ្យរងរបួសធ្ងន់ ហើយដុតបន្ថែមទៀតរហូតដល់ស្លាប់ ហើយជនដៃដល់បានរត់គេចខ្លួនចូលព្រៃបាត់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកកម្មខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០០ និង ០៥ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២ នៅចំណុចព្រៃតាអោ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ជនសង្ស័យមានឈ្មោះ សេង គន្ធា ភេទប្រុស អាយុ ២៩ ឆ្នាំ (ត្រូវជាប្អូនប្រុសបង្កើត) រស់នៅក្នុងខ្ទមចាំចម្ការ បានយក ចបកាប់វាយបងប្រុសបង្កើតឈ្មោះ សេង ភត្រា អាយុ ៣២ឆ្នាំ រស់នៅជាមួយគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានយកអង្កត់ភ្លើង ដុតដៃជើង និងលើផ្ទៃមុខបន្ថែមទៀតរហូតដល់ស្លាប់ ។
លុះដល់វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃដដែល ទើបដឹងថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ខណៈដែលប្អូនប្រុសបង្កើតម្នាក់ទៀត បានយកបាយទៅឲ្យបងចំណែក ប្អូនប្រុសដែលជាឃាតកបានរត់គេចខ្លួនទៅសំងំក្នុងព្រៃក្បែរៗនោះ ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបាន ដើម្បីយកមកសាកសួរ ។
ចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ពួកខ្ញុំទាំង ២ នាក់បងប្អូនគឺបានប្រើប្រាស់ថ្នាំញៀនដូចគ្នាបែបនេះហើយទើបមិនអាចនៅផ្ទះបានក៏នាំគ្នា ២នាក់បងប្អូនមករស់នៅក្នុងខ្ទមចម្ការតែម្តង ។
ជនដៃដល់បន្តថា មុនកើតហេតុបងប្រុសខ្លួន បានដើរមកបើករកបាយហូប ដោយសារតែបាយអស់ទើបបងប្រុសខ្ញុំខឹងហើយក៏ជេរខ្ញុំពេលនោះខ្ញុំខឹងពេកទ្រាំអត់បានក៏ទាញចបកាប់មកវាយតែម្តង ។
ពេលវាយដួលហើយខ្ញុំក៏បានលើកបងដាក់លើគ្រែហើយយកអង្កត់អុសដែលមានភ្លើងមកដុតដៃដុតជើង និងដុតលើផ្ទៃមុខបន្ថែមទៀតរួច ហើយខ្ញុំក៏សំងំដេកតែម្តងទៅ ។
ករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចនៃអធិការស្រុក បានកសាងកំណត់ហេតុហើយបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី ៕