
បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ ប្រគល់ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន ១១២គ្រួសារ នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងឱកាសបុណ្យស្រាយបួស ។
អំណោយឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ដែលឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ប្រគល់ជូនប្រជាពលរដ្ឋខ្មែរឥស្លាមទាំង ១១២គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្គរ ចំនួន ២០គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកសុីអុីវ ចំនួន ១យួរ មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ប្រេងឆា ចំនួន ១ដប ស្ករស ចំនួន ១គីឡូក្រាម ទឹកក្រូច ចំនួន ១ដប ទឹកបរិសុទ្ធ ចំនួន ៣យួរ អាល់កុល ចំនួន ២លីត្រ ម៉ាស ចំនួន ១ប្រអប់ និងថវិកា ចំនួន ៤ម៉ឺនរៀលផងដែរ៕