
បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាធិបតីភាពក្នុងពិធីបុណ្យឆ្លងសមិទ្ធិផលនានា វត្តទក្ខិណគង្គារាម (ហៅវត្តអញ្ចាញ) ស្ថិតនៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះចៅអធិការ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូយកចិត្តទុកដាក់កសាង និងអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងការដឹកនាំបញ្ចាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតដល់អាចបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា របបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានធ្វើឱ្យប្រទេសកម្ពុជាទទួលរងការបំផ្លាញគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ធនធានមនុស្ស វត្តអារាម និងសាសនាផ្សេងៗទៀត។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ប្រជាជនទូទាំងប្រទេសត្រូវបានសង្រ្គោះឱ្យរស់រានមានជីវិត ជួបជុំគ្រួសារ ហើយប្រទេសកម្ពុជាត្រូវបានចាប់ផ្តើមស្តារ និងកសាងជាថ្មីឡើងវិញគ្រប់វិស័យ សង្គមកិច្ច សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍធនធានមនុស្ស រួមនឹងវិស័យសាសនា និងជំនឿត្រូវបានបើកយ៉ាងទូលាយ តាមច្បាប់រដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្តែងពេលនេះយើងមានវត្តអារ៉ាមនៅទូទាំងប្រទេសសរុបចំនួន ៥ ១០៤វត្ត ព្រះសង្ឈសរុបចំនួន ៧០ ៩០៥អង្គ ដែលក្នុងនោះខេត្តបន្ទាយមានជ័យមានវត្តចំនួន ២៥២វត្ត ព្រះសង្ឈចំនួន៤ ២៤២អង្គ។
ឯកឧត្តម ឧបនាយកដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងរួមចំណែកជាមួយនិងរាជរដ្ឋាភិបាលក្នុងការកសាងសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស អប់រំផ្លូវចិត្ត និងជួយលើកកម្ពស់សីលធម៌រស់នៅ ចាកឆ្ងាយពីអំពើអបាយមុខ គ្រឿងញៀនជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ថែរក្សាការពារទឹកដី និងសន្តិភាព បន្តលើកកម្ពស់ អភិវឌ្ឃវិស័យសាសនា និងសុខុដុមនីយកម្មសាសនា អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានប្រគេនទេយ្យវត្ថុ បច្ច័យ អំណោយមួយចំនួនដល់ប្រជាពលរដ្ឋ៣៣០នាក់ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អធិការ កងរាជអាវុធ សឹករងស្រុក និងគ្រូពេទ្យ ព្រមទាំងប្រគេនបច្ច័យនិងសម្ភារសំណង់ កសាងវត្ត និងជួសជុលដំបូលសាលាឆាន់ ។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានបំពាក់គ្រឿងឥស្ស រិយយស និងបណ្ណថ្លែងអំណរគុណដល់សប្បុររសជន និងចារក្នុងក្រាំងមាស។