
ភ្នំពេញ ៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវគ្គបណ្តុះបណ្តាល និងប្រឡងយកអាជ្ញាបណ្ណ “អាជ្ញាកណ្តាលកម្រិតថ្នាក់ជាតិ” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
បើតាមឯកឧត្តម ស សុខា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានអាជ្ញាកណ្ដាល ចៅក្រម នៅតាមសម្ព័ន្ធ-ក្លិប និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឲ្យមានស្ដង់ដារតែមួយ ស្របតាមស្ដង់ដារវិជ្ជាជីវៈអាជ្ញាកណ្ដាល ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម ស សុខា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវគ្គបណ្ដុះបណ្ដាល និងប្រឡងយកអាជ្ញាបណ្ណ «អាជ្ញាកណ្ដាលកម្រិតថ្នាក់ជាតិ» ដែលបានដំណើរការយ៉ាងរលូនតាមការគ្រោងទុក មានវិន័យក្នុងការបង្រៀន និងរៀន និងគោរពគោលការណ៍វិធានការសុខាភិបាល ដោយរួមចំណែកបានក្នុងការការពារ ទប់ស្កាត់មេរោគកូវីដ-១៩ ។
ជាមួយគ្នានេះ ឯកឧត្តម ស សុខា ក៏សម្តែងនូវការថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេស ក្នុងវគ្គបណ្ដុះបណ្ដាល ដែលបានយកអស់កម្លាំងកាយ ចិត្ត បង្រៀនយ៉ាងលម្អិត រយៈពេល ២ថ្ងៃមកនេះ ។
ជាទីបញ្ចប់ ឯកឧត្តម ស សុខា សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ ពិតជាទទួលបានចំណេះដឹងទាំងផ្នែកទ្រឹស្ដី និងការអនុវត្តផ្ទាល់ ដើម្បីជាប្រយោជន៍សម្រាប់ការអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់របស់យើង នាពេលបច្ចុប្បន្ន និងអនាគត៕