
ព្រៃវែង ៖ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោក ទូច សុឃៈ (សុខៈ) ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិបារាយណ៍កើត បានអញ្ជើញបើក និងសម្របសម្រួលវេទិកាសាធារណៈនៅភូមិបារាយណ៍កើត ក្នុងសង្កាត់បារាយណ៍ ក្រុងព្រៃវែង ដើម្បីស្តាប់អំពីកង្វល់របស់ប្រជាពលរដ្ឋជុំវិញការបម្រើសេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន និងទទួលសំណូមពរនានា ។
វេទិកាសាធារណៈនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម យឹម ភាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បារាយណ៍ និងមានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ ភូមិ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចំនួន ៥០នាក់ សរុបចំនួន ៦២នាក់ ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវការអរគុណចំពោះក្រុមការងារ ដែលបានបង្កើតអោយមានវេទិកាសាធារណៈឡើងនេះ ដើម្បីឲ្យពួកគាត់បានចូលរួមបញ្ចេញមតិកង្វល់ផ្សេងៗ ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋមួយចំនួន ក៏បានលើកអំពីបញ្ហាប្រឈម ជាពិសេសទាក់ទងទៅនឹងការបម្រើសេវាសាធារណៈនៅមូលដ្ឋាន ប៉ុន្តែត្រូវបានឯកឧត្តម យឹម ភាង លោក ទូច សុឃៈ និងអាជ្ញាធរមូលដ្ឋាន ធ្វើការសម្របសម្រួល និងបន្តដំណោះស្រាយជូនតាមសំណើរៀងៗខ្លួន ។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកាសាធារណៈនោះ បានសម្តែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះឯកឧត្តម យឹម ភាង លោក ទូច សុឃៈ និងអាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួល និងបន្តរកដំណោះស្រាយជូនពួកគាត់ប្រកបដោយទំនុកចិត្ត ។
ថ្លែងបិទបញ្ចប់វេទិកាសាធារណៈនៅភូមិបារាយណ៍កើត ឯកឧត្តម យឹង ភាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម ពិសេសបានលើកឡើងអំពីបញ្ហាប្រឈមរបស់ខ្លួននៅក្នុងមូលដ្ឋាន បើទោះបីជាបញ្ហាប្រឈមនោះមានតិចតួចក៏ដោយ ក៏ឯកឧត្តមយល់ថា តិចតួច រឹតតែត្រូវតែដោះស្រាយ ពោលគឺមិនរង់ចាំឲ្យកើតមានធំហើយ ចាំដោះស្រាយនោះឡើយ ។
ឯកឧត្តម យឹម ភាង ក៏បានស្នើអោយអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ ធ្វើសកម្មភាពល្អៗរបស់ខ្លួន ដើម្បីជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ តម្រូវការចាំបាច់ គ្រោះអាសន្នផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល “មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយ និងមិនត្រូវរើសអើង ប្រកាន់បក្ខពួក ឬនិន្នាការនយោបាយឡើយ” ។
ឯកឧត្តម យឹម ភាង អំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងបន្តចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ អោយបានគ្រប់ដូស តាមកាលកំណត់ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ផ្តល់ជូន ឲ្យបានគ្រប់ៗគ្នាកុំបីខាន៕