
កណ្ដាល ៖ រថយន្ដ ស្លាកលេខនគរបាល បើកបញ្ច្រាសផ្លូវ ហ់ើយបើកលឿនដូចហោះ រេចង្កូតឡើងខឿនរង្វង់មូលព្រះនរាយណ៍ បុកបង្គោលភ្លើងបាក់១ដើម ហើយបន្តទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀត ខ្ទាតប៉ើងឡើងលើសួនច្បារ រួចព្យាយាមបើករត់ទាំងបែកកង់អូសនឹងថ្នល់ រហូតទាល់តែបើកទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះនៅត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រំប្រទល់សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យបានដឹងថា ៖ មុនកើតហេតុគេឃើញរថយន្តម៉ាក LEXUS RX400h មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខនគរបាល2-7501 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅបញ្ច្រាសផ្លូវពីផ្សារតាខ្មៅថ្មីឆ្ពោះទៅរង្វង់មូលព្រះនរាយណ៍ក្នុងល្បឿនលឿន។
លុះពេលមកដល់ត្រង់ចំណុចកេីតហេតុរង្វង់មូលព្រះនរាយណ៍ ក៏ស្រាប់តែរេចង្កូតឡើងខឿនរង្វង់មូលបន្តទៅបុកបង្គោលភ្លើងបាក់អស់ 1ដើម រួចជ្រុលទៅបុកម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងទៀតខ្ទាតប៉ើងឡើងលើសួនច្បារផងដែរ។
ពេលនោះរថយន្តបង្កក៏បានបើករត់គេចចេញពីកន្លែងកើតហេតុទាំងកង់បែកអូសនឹងថ្នល់ រហូតទៅដល់ត្រង់ចំណុចខាងមុខច្រកចេញចូលរោងចក្រឡឥដ្ឋទើបរថយន្តធ្វើដំណើរទៅមុខលែងរួចក៏បានបើកទ្វារចុះពីលើរថយន្ដរួចហៅម៉ូតូដុបជិះគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅទីតាំងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុងតាខ្មៅបានធ្វើការវាស់វែងរួចបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់៕