ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រាប់អភិបាលរាជធានី ខេត្ត ស្តីពីការត្រៀមរៀបចំ បើកដំណើរការអាជីវកម្ម ខារ៉ាអូខេ ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក ឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងចំណារដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើរបាយការណ៍ ស្តីពីលទ្ធផល នៃកិច្ចប្រជុំ របស់គណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងនោះ ក្រសួងទេសចរណ៍ សូមជម្រាបជូនថាៈ ក្រសួងទេសចរណ៍ បានដាក់ចេញនូវ ប្រកាសស្តីពី ការដាក់ឱ្យអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្តង់ដា អប្បបរមា (SOP) សម្រាប់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក ដើម្បីទប់ស្កាត់ ការរាលដាល នៃជំងឺកូវីដ-១៩ និងដើម្បីត្រៀមរៀបចំ បើកដំណើរការ អាជីវកម្មឡើងវិញ នៅពេលដែល រាជរដ្ឋាភិបាល អនុញ្ញាតនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដូចខាងក្រោម៖
ក. ដំណាក់កាលទី១ (ការត្រៀមលក្ខណៈមុនការបើកដំណើរការឡើងវិញ)
១. ត្រូវត្រួតពិនិត្យ និងវាយតម្លៃ ឱ្យបានហ្មត់ចត់ នូវការត្រៀមលក្ខណសម្បត្តិសម្បទា និងការអនុវត្ត របស់អាជីវកម្ម មុននឹងសម្រេចអនុញ្ញាត ឱ្យអាជីវកម្មណាមួយ បើកដំណើរការ (ដោយត្រូវជូនដំណឹងដល់ ប្រតិបត្តិករជាមុន ដើម្បីឱ្យប្រតិបត្តិករ ដាក់ពាក្យស្នើសុំដំណើរការ អាជីវកម្មខារ៉ាអូខ KTV ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក)
២. ត្រូវបណ្តុះបណ្តាល ឱ្យបានហ្មត់ចត់ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកនូវ “ វិធានសុវត្ថិភាព ទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មខារ៉ាអូខ (KTV) ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក”។
ខ.ដំណាក់កាលទី២ (ក្រោយការសម្រេចអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញ)
១. រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំយន្តការ ដើម្បីបន្តការត្រួតពិនិត្យ ជាប្រចាំ និងឱ្យបាន ហ្មត់ចត់លើ ការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដា អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក ក្រោយពេល សម្រេចអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញ ក្នុងករណីដែល ម្ចាស់អាជីវកម្ម មិនបានអនុវត្តត្រឹមត្រូវ តាមវិធាន សុវត្ថិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លិបកម្សាន្ត រង្គសាល-ឌីស្កូតែក រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការនានាបន្ថែម ដោយតម្រូវឱ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះ មុខច្បាប់ជាធរមាន៕