ភ្នំពេញ៖ នារីម្នាក់ ត្រូវជនសង្ស័យមួយក្រុមមានគ្នាប្រមាណពី៧ ទៅ៨នាក់ បានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចខណៈកំពុងជិះម៉ូតូតាមដងផ្លូវ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ស្រីកា អាយុ២៣ឆ្នាំ មុខរបរ លក់អីវ៉ាន់តាមអនឡាញ ស្នាក់នៅអាផាតមិន EK ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរពីចោមចៅក្នុងគោលបំណងទៅកន្លែងស្នាក់នៅវិញ លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកបានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់ដែលថ្ពក់ ក្រោមចង្កូតម៉ូតូបានសម្រេច តែម្តង។
ភ្លាមៗនោះក៍មានម៉ូតូ៤ទៅ៥គ្រឿងទៀតជិះពីក្រោយស្រែកហ៊ោកញ្ជ្រៀវពេញផ្លូវដោយមិនញញើតដល់សមត្ថកិច្ចបន្តិចសោះធ្វើឲ្យខ្លួនគាត់ភិតភ័យយ៉ាងខ្លាំង ទោះបីខំស្រែកឱ្យគេជួយក៏គ្មានអ្នកណាគេជួយដេញតាមក្រុមជនសង្ស័យទាំងនោះដែរ ធ្វើឲ្យក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ។
នារីរងគ្រោះបានបញ្ជាក់ទៀតថា សម្ភារដែលបាត់បង់នៅក្នុងកាបូបស្ពាយនោះមានលុយដុល្លារចំនួន៦០០ដុល្លារ ទូរស័ព្ទស៊េរីទំនើប២គ្រឿង និងសម្ភារៈមានតម្លៃមួយចំនួនទៀត៕