
ព្រៃវែង ៖ ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ លោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក និងឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បាននាំយកសម្ភារៈការពារកូវីដ-១៩ ជាអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនមត្តេយ្យសហគមន៍ទាំង២ នៅក្នុងឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនមត្តេយ្យសហគមន៍ទាំង២ នៅក្នុងឃុំអង្គរទ្រេត នាឱកាសនោះ រួមមាន ៖ អាល់កុល ចំនួន ៦កាន ស្មើនឹង ១៨០លីត្រ និងម៉ាសកូនក្មេង ចំនួន ៥០ប្រអប់ ស្មើនឹង ២ ៥០០ម៉ាស និងទឹកបរិសុទ្ធ ចំនួន ៥០យួរ ។
ក្នុងឱកាសនោះ ឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនលោកគ្រូ អ្នកគ្រូ ចំនួន ២នាក់ ម្នាក់ៗ ១០ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន ៣០នាក់ ម្នាក់ៗ ២ពាន់រៀលផងដែរ៕