
ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តបុកខឿនពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងមួយដើម បណ្ដាលអោយរថយន្តខ្ទាតមកកណ្ដាលផ្លូវ បណ្ដាលឲ្យរថយន្តកុងតឺន័រមួយគ្រឿង ដែលបើកមកពីក្រោយ គេច ជ្រុលចង្កូតទៅបុករះម៉ូតូ 11 គ្រឿងដែលចត នៅលើចិញ្ចើមផ្លូវខាងស្ដាំដៃរួច ជ្រុលទៅបុកកៀបជាប់ក្រោមរថយន្តកូរ៉េមួយគ្រឿងទៀត ដែលចតចោលនៅខាងស្ដាំដៃដែរ។
គ្រោះថ្នាក់ចរាចរណ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង 2:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 1 ខែមេសា ឆ្នាំ 2022 តាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ដកូរ៉េមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BA-1420 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងទិសដៅពីកើតទៅលិចលុះមក ដល់ចំណុចមុខ ខារ៉ាអូខេរាត្រីពណ៌មាស ក៏បានរេចង្កូតទៅបុកខឿន ពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត ខ្ទាតមកកណ្ដាលផ្លូវ ក៏មានរថយន្តកុងតឺន័រមួយគ្រឿង ទទៀតមកពីក្រោយ ពាក់ស្លាកលេខភ្នំពេញ 3E-6330 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានគេចក៏រេចង្កូត ទៅបុករះម៉ូតូដែលចតលើចិញ្ចើមផ្លូវខាងស្ដាំដៃ អស់ចំនួន 11 គ្រឿង ដែលជារបស់ភ្ញៀវ ចូលច្រៀងលេងកម្សាន្ត ក្នុងខារ៉ាអូខេ បណ្ដាលអោយរងការខូចខាត ហើយទៅកៀបជាប់ក្រោមរថយន្តកូរ៉េមួយគ្រឿងទៀត ដែលចត ចោលនៅ លើចិញ្ចើមផ្លូវនោះដែរ។ ចំណែករថយន្តកុងតឺន័រ រងការខូចខាត ដោយបត់កកៀបជាប់រថយន្តកូរ៉េ តែជាសំណាងល្អ ក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករបួសនោះទេ។