
ភ្នំពេញ ៖ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជេីញជាអធិបតីបើក និងដឹកនាំអង្គសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលេីកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយ មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ នាយឧត្តម សេនីយ៍ ជារដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាតំណាងក្រសួង ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស អភិបាល រាជធានី -ខេត្ត តំណាង រាជធានី -ខេត្ត ស្នងការ-ស្នងការរង នគរបាលរាជធានីខេត្ត មេបញ្ជាការ-មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីខេត្ត និងព្រះអាជ្ញា-ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី-ខេត្ត និងអង្គការដៃគូ និងឯកអគ្គរដ្ឋទូត និងតំណាងឯកអគ្គរាជទូត -ឯកអគ្គរដ្ឋទូត តំណាងអង្គភាពប្រឆាំងគ្រឿងញៀនអន្តរជាតិប្រចាំកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា អង្គសន្និបាតគឺមានគោលបំណងសំខាន់ដើម្បីពិនិត្យនិងវាយតម្លៃការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ កន្លងមកដែលរួមមាន ការងារផ្សព្វផ្សាយនិងអប់រំពីគ្រោះថ្នាក់គ្រឿងញៀន ការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការងារអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដើម្បីដាក់ទិសដៅសម្រាប់ឆ្នាំ២០២២។