បាត់ដំបង ៖ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធអគារ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា គួយជីកដី ស្ថិតនៅក្នុងឃុំរបស់មង្គល ស្រុកមោងឫស្សី ។
សូមបញ្ជាក់ថា អគារ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា គួយជីកដី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាឱកាសនោះ រួមមាន ៖ អគារសិក្សា ចំនួន ១ខ្នង មាន ៥បន្ទប់ អគារទីចាត់ការ ចំនួន ១ខ្នង តុគ្រូ និងតុសិស្ស ចំនួន ១២៥តុ បង្គន់អនាម័យ និងបន្ទប់ទឹក ចំនួន ៤បន្ទប់ ។ ដោយឡែកខ្លោងទ្វារ និងរបងថ្ម ប្រវែង ៦៧ម៉ែត្រ ចូលរួមកសាងដោយឯកឧត្តម សាត គឹមសាន ប្រធានក្រុមការងារចុះជួយឃុំ និងក្រុមការងារ ព្រមទាំងសប្បុរសជន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគល់ជូនសិស្សានុសិស្សខ្វះមធ្យោបាយធ្វើដំណើរ ចំនួន ១០០នាក់ ម្នាក់ៗកង់ ១គ្រឿង និងសម្ភារៈសិក្សា ១កញ្ចប់ សិស្សានុសិស្ស ចំនួន ២៥០នាក់ ម្នាក់ៗសម្ភារៈសិក្សា ១កញ្ចប់ លោកគ្រូ អ្នកគ្រូ ចំនួន ២០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល សិស្សកាយរឹទ្ធ ចំនួន ៥០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល រដ្ឋបាលឃុំរបស់មង្គល ថវិកា ចំនួន ៥០ម៉ឺនរៀល ប៉ុស្តិ៍នគរបាលរដ្ឋបាល ថវិកា ចំនួន ៥០ម៉ឺនរៀល មេភូមិ ១២នាក់ ម្នាក់ៗថវិកា ចំនួន ៥ម៉ឺនរៀល៕
អត្ថបទ ៖
រូបភាព ៖ សាន់ ផានិត