បាត់ដំបង ៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ បានអញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ចំនួន ៦៨៣នាក់ ក្នុងស្រុកឯកភ្នំ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាព ២សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ធ្វើការកែលម្អ បង្កើនសមត្ថភាព ដើម្បីអាចឈានទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។ ជាក់ស្តែង បច្ចុប្បន្នសិស្ស និស្សិតរបស់កម្ពុជា កាន់តែច្រើនឡើង មានសមត្ថភាពប្រកួតប្រជែងក្នុងកម្មវិធីនានាលើឆាកអន្តរជាតិ ហើយទទួលបានលទ្ធផលល្អ គួរអោយកោតសរសើរ និងសារទរក្រៃលែង ។
ឯកឧត្តម ស សុខា បន្តថា លោកគ្រូ អ្នកគ្រូ ក្រៅពីបង្ហាត់បង្រៀន ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការធ្វើចរាចរ ក៏ដូចជាការចែកចាយគ្រឿងញៀននៅតាមសហគមន៍ បន្ថែមលើការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។ ជាពិសេសនៅក្នុងបរិការណ៍ នៃជំងឺកូវីដ-១៩ នេះ លោកគ្រូ អ្នកគ្រូ មានភារកិច្ចកាន់តែច្រើនជាងមុន ព្រោះថាក្រៅពីការបង្ហាត់បង្រៀន លោកគ្រូ អ្នកគ្រូ ថែមទាំងត្រូវចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងសាលារៀនបន្ថែមទៀត ។
ឯកឧត្តម ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងអស់ពីដួងចិត្តចំពោះលោកគ្រូ អ្នកគ្រូទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ពុះពាររាល់ឧបសគ្គបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងអប់រំទូន្មាន តម្រង់ទិសសិស្សានុសិស្ស ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ ។
ឯកឧត្តម ស សុខា ក៏បានថ្លែងសារជូនពរដល់លោកគ្រូ អ្នកគ្រូទាំង ៦៨៣នាក់ ក្នុងស្រុកឯកភ្នំ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ចៀសផុតពីជំងឺកូវីដ-១៩ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បាននាំយកថវិការបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគល់ជូនលោកគ្រូ អ្នកគ្រូទាំង ៦៨៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន ចំនួន ៤ម៉ឺនរៀលផងដែរ៕
អត្ថបទ ៖
រូបភាព ៖ សាន់ ផានិត