
បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១១ និង ២០នាទីព្រឹក ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីឈ្មោះ ហាប់ រិទ្ធី ភេទប្រុស (ត្រូវជាពូរបស់ក្មេងស្រីដែលបាត់ខ្លួន) ថាក្មួយស្រីរបស់គាត់ឈ្មោះ នាក់ ស៊ុនអី អាយុ ១៤ឆ្នាំ ដែលស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ បានជិះម៉ូតូទៅរៀនគួរបន្ថែមនៅអនុវិទ្យាល័យ ហ៊ុន សែន ទួលស្វាយ ជាមួយមិត្តភក្ដិ លុះដល់វេលាម៉ោង ១៧ល្ងាច ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ មិនឃើញត្រឡប់មកផ្ទះវិញ គាត់ក៏ទូរស័ព្ទរាយការណ៍មកកាន់លេខ ១១៧ ដើម្បីជួយអន្តរាគមន៍ ។
នៅព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២២បន្ទាប់ពី សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានខាងលើទៅលោកវិរសេនីយ៍ឯក ស៊ូ នៅ អធិការនគរបាលស្រុកអន្លង់វែង ដើម្បីចេញអន្តរាគមន៍ជាបន្ទាន់ ។
ចំណែក ឪពុករបស់ក្មេងស្រីបាត់ខ្លួន ឈ្មោះ ឆុំ នាក់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលត្រពាំងតាវ ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចបានផ្សព្វផ្សាយទៅគ្រប់បណ្តាអធិការស្រុក ទូទាំងខេត្ត និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្វែងរកក្មេងស្រីខាងលើ ៕