
កែប ៖ មនុស្សបីនាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ រវាងរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងនៅលើដងផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ក្នុងទឹកដីភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥ និង៣០ នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តនីសាន់ បានបើកមកពីទិសខាងកើតក្នុងល្បឿនយ៉ាង លឿន ស្របនឹងស្ថានភាពផ្លូវកោងផង ក៏ជ្រុលទៅបុកម៉ូតូ ដែលបើកបរបញ្ច្រាសទិសគ្នា ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធន:តេលា បណ្តាលឲ្យបុរសពីរនាក់ ស្លាប់នៅនឹងកន្លែង ដោយសាររថយន្តមិនទាន់អស់ល្បឿន បានបន្តទៅតបុក ចំពីមុខរថយន្តធន់ធំមួយគ្រឿងទៀត បណ្ដាលឲ្យកៀបអ្នក បើកបររថយន្តនីសាន់ ជាប់ខ្លួននឹងដៃចង្កូត ស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តធន់ធំតសណ្តោងរម៉ក ឃើញសភាពមិនស្រួលក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ត នៅនឹងកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ត្រី ហ៊ឹម ចន្ធូ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋានខេត្តកែប បានប្រាប់ឲ្យដឹងថាៈ អ្នកបើកបររថយន្តនីសាន់ ឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។
ចំណែកភាគីខាងម៉ូតូ ដែលបានស្លាប់ទាំងពីរនាក់
១.ឈ្មោះ ហុង វណ្ណា អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
២. ឈ្មោះ ម៉ៅ ញ៉េប ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅ ភូមិអូរច្រនៀងឃុំកំពង់ត្រាច ខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត៕