ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ ដើម្បីអបអរសាទរសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។
ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ មានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ ក្រៅពីមានការសម្តែងនូវទស្សនីយភាពសិល្បៈចម្រុះទាំងបុរាណ និងសម័យ គឺមានការសម្តែង ល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលសហគមន៍វត្តស្វាយ តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានទទួលស្គាល់ដោយអង្គការ យូណេស្កូ (UNESCO) អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតាមបណ្តាស្ថានីយទូរទស្សន៍-សារព័ត៌មាន-បណ្តាញទំនាក់ទំនងសង្គម មួយចំនួន ដែលនឹងរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពិភពលោក នឹងបានឃើញពីតម្លៃល្ខោន ខោលកម្ពុជា ដែលជាតម្លៃនៃមនុស្សជាតិ ហើយនេះក៏ជាបំណងដែលយើងគ្រប់គ្នាចង់បាន។
ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀត ដើម្បីថែរក្សា សម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលដូនតាខ្មែរយើងបន្សល់ទុកឱ្យនៅបានយូរអង្វែងទៅមុខទៀត។
ជាមួយគ្នានោះដែរឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារអចិន្រ្តៃយ៍ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំព្រឹត្តិការណ៍ និងសិល្បទស្សនីយភាព បានបញ្ជាក់ទៀតថា នេះជាលើកទី២ហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិ្កការណ៍នេះឡើង បន្ទាប់ពីបានរៀបចំនូវព្រឹត្តិការណ៍រាត្រីចងចាំលើកទី១ នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានអ្នកចូលរួមទស្សនាដោយផ្ទាល់ប្រមាណជាង២ម៉ឺននាក់។ ប៉ុន្តែឆ្នាំ២០២១នេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាសាកល ទើបព្រឹត្តិការណ៍រាត្រីចងចាំឆ្នាំ២០២១ ពុំត្រូវបានរៀបចំសម្តែងដោយផ្ទាល់នៅទីកន្លែងសារធារណៈ ឬក្នុងតំបន់ទេសចរណ៍ណាមួយនោះទេ មានន័យថា ទិដ្ឋភាព សោភណ្ឌភាព បច្ចេកទេសនៃការ សម្តែងគឺបានបង្ហាញពីរសជាតិថ្មី តាមបរិបទថ្មីនៃប្រព័ន្ធបច្ចេកវិទ្យា(អនឡាញ)។
ឯកឧត្តម ទិត ថាវរិទ្ធ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះ គឺមានសិល្បករ សិល្បការិនី នាដកា តន្រ្តីករ និងតារាសម្តែងល្បី សរុបប្រមាណជិត២០០នាក់ បានស្ម័គ្រចិត្តចូលរួមសម្តែង ដោយបង្ហាញពីការពេញចិត្ត និងក្តីស្រលាញ់ពីបេះដូង ដែលនេះបង្ហាញពីឆន្ទៈ នៃយុវជនប្រតិបត្តិវិស័យ ដើម្បីរួមគ្នាលើកស្ទួយមរតកវប្បធម៌ជាតិ។
ឯកឧត្តម ក៏បានបញ្ជក់ផងដែរថា ថ្វីត្បិតរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យក៏ពិតមែន តែសិល្បករ សិល្បការិនី បានរៀនរស់នៅដោយចេះសម្របខ្លួនតាមគន្លងប្រក្រតីភាពថ្មី ស្របតាមវិធានការណ៍របស់ក្រសួងសុខាភិបាល៕