
ខេត្តកំពង់ធំ៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យម្នាក់ជាឪពុកបង្កើតបានយកកាំបិតកាប់សម្លាប់កូនស្រីបណ្តាលឲ្យស្លាប់យ៉ាងសង្វេក។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ យប់ នៅចំណុចផ្ទះឈ្មោះ ទីន ហន អាយុ៥៩ឆ្នាំរស់នៅភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។បុរសជាឪពុកយកកាំបិតតាំងតោ កាប់កូនស្រី ខណ:នាងឈឺគ្រុន ដែលកំពុងដេកលង់លក់ បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពក្មេងស្រីងរងគ្រោះខាងលើមានឈ្មោះ កំសត់ ឡៃណាង ភេទស្រីអាយុ៨ខែ រស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ រីឯជនសង្ស័យមានឈ្មោះ ហ៊ាង សត់ អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
ប្រភពបានបន្ដទៀតថា មុនពេលកើតហេតុជនសង្ស័យ ទៅធ្វើការសំណង់ក្បែរផ្ទះហើយបានផឹកស្រាស្រវឹងជោគជាំ រហូតដល់ម៉ោងប្រហែល៩យប់ ទើបត្រឡប់មកផ្ទះ រករឿងឪពុក-ម្ដាយរបស់ខ្លួន ខណ:ពេលដែលម្ដាយកំពុងមើលថែចៅដែលកំពុងឈឺគ្រុន(ក្មេងស្រីរង់គ្រោះ) ដោយដាក់ចៅអោយដេកក្នុងម៉ុងក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែជនសង្ស័យ យកកាំបិតតាំងតោទៅកាប់សម្លាប់កូនខ្លួនទាំងកំរោល ត្រូវត្រង់ផ្ទៃមុខខាងឆ្វេង ១កន្លែង ធ្វើឲ្យមានរបួសធ្ងន់។ ភ្លាមៗជនសង្ស័យបានយកកាំបិតផ្គាក់ដេញកាប់ឪពុក-ម្ដាយ បងប្អូននៅក្នុងផ្ទះ តែមិនបង្កឲ្យនណាម្នាក់រងរបួសនោះទេ។
ពេលកើតហេតុបានមួយសន្ទុះ ទើបមានប្រជាពលរដ្ឋ មកជួយអន្តរាគមន៍ ហើយជនសង្ស័យរត់គេចខ្លួន។
ក្រោយមកសមត្ថកិច្ចក៏បានស្រាវជ្រាវ រហូតឃាត់ខ្លួនជនដៃដល់បានសម្រាច់ នៅវេលាម៉ោង៥និង៥៦នាទី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ខាងវាលបឹងវៀន ភូមិព្រែកក្រោល ឃុំត្នោតជុំ ដែលមានចំងាយ១៥០០ម៉ែត្រពីកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនខ្លួនទៅធ្វើការសាកសួនិងឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕