
ភ្នំពេញ ៖ រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅរ៉េស៊ីដង់ សុខាភ្នំពេញ ។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រធាន អនុប្រធាន និងសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រមាណជាង ៤០០នាក់ ។
សូមបញ្ជាក់ដែរថា ពិធីបើកសន្និបាត ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២៕