
ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅរ៉េស៊ីដង់ សុខាភ្នំពេញ ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ ចំនួន ៤ ដែលក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) សម្រេចបានក្នុងឆ្នាំ២០២១ ដោយឈរលើការទទួលខុសត្រូវខ្ពស់ និងមិនយកវិបត្តិជំងឺកូវីដ-១៩ ធ្វើជាឧបសគ្គឡើយ ។
លទ្ធផលសំខាន់ៗដែល ក.យ.គ. សម្រេចបានក្នុងនោះរួមមាន ៖
១. ក្រុមប្រឹក្សា បានបង្កើតនូវកិច្ចសហការល្អ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអាណាព្យាបាល នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ព្រមទាំងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា និងសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
២. ក្រុមប្រឹក្សា បានសហការល្អ និងទទួលបានការគាំទ្រយ៉ាងសកម្មពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យទាំងអស់ផងដែរ ក្នុងភារកិច្ចស្នូល និងការធ្វើសកម្មភាពនានាទាក់ទងទៅនឹងយុវជន ជានិស្សិត និងគ្រឹះស្ថានសិក្សានីមួយៗ ។
៣. តាមសំណើរបស់ក្រុមប្រឹក្សា ស.ស.យ.ក. បានសម្រេចនិងប្រកាសទទួលស្គាល់ជាផ្លូវការនូវ សមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ចំនួន ១១៤ ស្មើនឹង៩៦% នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ទូទាំងប្រទេស ដែលមានធនធានមនុស្សជាកម្លាំងប្រតិបត្តិករសរុបជាង២ពាន់នាក់ ដោយបានអនុវត្តលើសផែនការកំណត់នៅក្នុងឆ្នាំ២០២១ ដែលគ្រោងបង្កើតក្រុមការងារយុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា តែ ៥០ ប៉ុណ្ណោះ ។
៤. ផ្អែកតាមការណែនាំតម្រង់ទិសរបស់ក្រុមប្រឹក្សា ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថាន ឧត្តមសិក្សានីមួយៗ ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបដល់យុវជនជានិស្សិត និងគរុសិស្ស ឱ្យបានយល់ដឹងអំពីគោលបំណង បេសកកម្ម និងអត្ថប្រយោជន៍ក្នុងការចូលរួមធ្វើសកម្មភាព និងចូលជាសមាជិក ស.ស.យ.ក. ។
ឯកឧត្តម ស សុខា ក៏បានគូសបញ្ជាក់ដែរថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានរិះរកគ្រប់មធ្យោបាយក្នុងការបំពេញបេសកកម្មរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យ ដូចជា ៖ ការប្រជុំ និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនាសម្ព័ន្ធមួយច្បាស់លាស់ ការបង្កើតឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំគ្រប់គ្រង ការប្រមូលផ្តុំនូវធនធានមនុស្ស ដែលមានគុណវុឌ្ឍ សមត្ថភាព និងបទពិសោធល្អៗ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះ ក្រុមប្រឹក្សា បានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ ជាក់លាក់ អាចអនុវត្តបាន ស្របទៅតាមធនធានដែលមាន សម្រាប់ជាត្រីវិស័យតម្រង់ទិសការងាររបស់ខ្លួន ។
ផ្អែកតាមលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ សន្និបាតបានលើកឡើងនូវប្រធានបទ ចំនួន៤ ដូចខាងក្រោម ៖
១. ការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ។
២. ការចូលរួមរបស់យុវជននៅក្នុងការងារនយោបាយការងារដឹកនាំ និងការអភិវឌ្ឍប្រទេសជាតិ ។
៣. ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថលឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។
៤. ការជំរុញ និងលើកទឹកចិត្តយុវជនឲ្យចូលរួមគ្រប់សកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅពេញមួយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ ដោយពិធីបិទសន្និបាតនឹងប្រារព្ធឡើងនៅពេលរសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)៕អត្ថបទ ៖ ផ្នែកព័ត៌មានវិទ្យា និងផ្សព្វផ្សាយ នៃ ក.យ.គ
រូបភាព ៖ សាន់ ផានិត