
ភ្នំពេញ៖ មានរថយន្តកុងតឺន័រមួយគ្រឿង បើកបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលមានការខូចខាតផ្នែកក្បាលរថយន្តយ៉ាងដំណាំ។
ករណីគ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តបែនដឹកថ្មតូចៗម៉ាកហ៊ីណូ (HINO)ក្បាលពណ៌ស ស៊េរីឆ្នាំ១៩៩៤ ពាក់ស្លាក លេខភ្នំពេញ3E.2195 និងសណ្ដោងរ៉ឺម៉កកន្ទុយខាងក្រោយពាក់ស្លាកលេខ ភ្នំពេញ4A.6930 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវជាតិ លេខ៤ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន។
លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតមកស្ដាំដៃទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឲ្យបាក់ផ្លាកសញ្ញាចរាចរណ៏អស់ពីដើម និងបង្កាន់ដៃស្ពានអស់មួយផ្ទាំង។
ចំណែកឯរថយន្តដាច់កង់ខាងមុខ ទាំងពីរ ហោះគងលើបង្កាន់ដៃស្ពានកល់ជាប់ទៅមុខលែងរួច។ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះពុំបណ្តាលឲ្យមាន នរណាម្នាក់រងរបួសនោះទេ។
ភ្លាមៗនោះភ្លាមនោះដែរគេបានឃើញអ្នកបើកបាន បើកទ្វារចុះរត់បាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបាន ចុះដល់កន្លែងកើតហេតុនិងការវាស់វែង ហើយស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕