
តាកែវ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូពីរគ្រឿង កាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដែលបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ពីរនាក់ទៀតរងរបួស ស្ថិតនៅលើខ្នងព្រែកធំ ភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូជួបគ្រោះថ្នាក់ខាងលើនេះ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ដែលម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IP-0404 បើកបរដោយឈ្មោះឈាង ស៊ីណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1P-5444 បើកបរដោយឈ្មោះស៊ឹម កែវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិមឿងប្រចិន ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងអ្នករួមដំណើរឈ្មោះសែម សុភាព ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិឃុំជាមួយគ្នា រងរបួសស្រាលទាំងពីរនាក់។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើការវាស់វែង ហើយយកម៉ូតូទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធី៕