
ភ្នំពេញ ៖ ចោរប្លន់ម្នាក់ ក្នុងចំបក្សពួក ៦នាក់ ត្រូវបានបា.ញ់សម្លា.ប់ ពេលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ១គ្រឿងពីមន្ត្រីយោធាម្នាក់បានសម្រេចតែជិះគេចមិនទាន់ ត្រូវម្ចាស់ម៉ូតូដកកាំភ្លើងខ្លីពីចង្កេះបា.ញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យស្លា.ប់ភ្លាមៗលើម៉ូតូដែលប្លន់បាននោះតែម្ដង ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី២៤ ខែមីនានេះ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវបានបា.ញ់សម្លា.ប់នោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខភ្នំពេញ1JC-4840
ចំណែកម្ចាស់ម៉ូតូ ជាមន្ត្រីយោធានៅមិនទាន់ស្គាល់ឈ្មោះដូចគ្នា ។
ក្រោយកើតហេតុ នគរបាលខណ្ឌដង្កោបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានឃើញសំបកគ្រាប់កាំភ្លើ.ងខ្លីចំនួន៩គ្រាប់ផងដែរ ។ រីឯលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងយ៉ាងខ្លីថា អ្នកស្លា.ប់ គឺជាជនសង្ស័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមានរឿងនេះកើតឡើង បុរសជាមន្ត្រីយោធារូបនោះបានជិះម៉ូតូម្នាក់ឯង តាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះជនសង្ស័យខាងលើ រួមជាមួយបក្សពួក៤ទៅ៥នាក់ទៀត ជិះម៉ូតូចំនួន៣គ្រឿងដេញតាមធាក់ផ្ដួលបណ្ដាលឲ្យមន្ត្រីយោធាខាងលើដួលម៉ូតូ បន្ទាប់មកជនសង្ស័យខាងលើបានលើកយកម៉ូតូជិះគេចខ្លួន
ប៉ុន្តែភ្លាមៗនោះជនរងគ្រោះជាមន្ត្រីយោធាបានក្រោកឡើងរត់ដេញតាម ព្រមទាំងដកកាំភ្លើ.ងខ្លីបា.ញ់ជាច្រើនគ្រាប់បណ្ដាលឲ្យត្រូវជនសង្ស័យដួលស្លា.ប់ម្នាក់ទាំងដៃនៅកាន់ចង្កូត និងជើងនៅគងលើម៉ូតូដែលប្ល.ន់បាននោះតែម្ដង ។

ចំណែកបក្សពួកផ្សេងទៀត បានជិះម៉ូតូគេចខ្លួនទាំងព្រលឹងចុងសក់បាត់ស្រមោលអស់ ហើយក្រោយពេលកើតហេតុ មន្ត្រីយោធាជាម្ចាស់ម៉ូតូក៏ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោនាំទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
ក្រោយកើតហេតុកម្លាំងនគរបាលខណ្ឌដង្កោបាននាំខ្លួនម្ចាស់ម៉ូតូ ដែលមានអាវុធហើយបាញ់ទៅលើជនសង្ស័យស្លាប់នោះយកទៅសួរនាំ ចំណែកសាកសពជនសង្ស័យយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ដើម្បីធ្វើកោសល្យវិច័យ។





