
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” នៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអ្នកដឹកនាំកសាងទូក ង កម្ពោជិកបុត្តាខេមរាតរី និងលោកជំទាវ កែ សួនសុភី ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាច្រើនរូបទៀត ។
ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ជាស្នាដៃកូនខ្មែរ ដែលបានកសាងឡើងនៅលើទឹកដីខេត្តព្រៃវែង និងត្រូវបានបំបែកកំណត់ត្រាឯតទគ្គកម្ម ជាទូក ង វែងជាងគេលើពិភពលោក ក្រោមការវាយតម្លៃរបស់ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
គួររំលឹកថា ពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក ង វែងជាងគេលើពិភពលោក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី យ៉ាងច្រើនកុះករ នៅតំបន់ប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង ។
សូមបញ្ជាក់ថា ទូក ង “កម្ពោជិកបុត្តាខេមរាតរី” មានបណ្តោយសរុប ៨៧,៣០ម៉ែត្រ ទទឹងធំបំផុត ១,៩៤ម៉ែត្រ កម្រាស់សាច់ទូក ០,០៧ម៉ែត្រ និងផ្ទុកចំណុះបានរហូតដល់ ១៧៩នាក់៕