
សៀមរាប៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជានគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ដែលបានប្រើអំពើហិង្សាលើកូនស្រីចុងអាយុ ១ខួប យ៉ាងឃោឃៅ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោយពីមានការបញ្ជាពីលោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឲ្យសមត្ថកិច្ច ១១៧ ធ្វើការអន្ដរាគមន៍បន្ថែមទៅលើរឿងនេះ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីសមត្ថកិច្ច ១១៧ លោកស្រី ដួង ថាវរី ស្នងការរងទទួលផែនជួញដូរ និងការពារអនិតិជន បានដឹកនាំសមត្ថកិច្ចជំនាញចុះឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង ១២ និង ២២ នាទី ថ្ងៃត្រង់ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ លក្ខិណា វីរ:រិទ្ធ ជានគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានប្រើហិង្សា លើកូនស្រីចុង ដោយទះ និងខាំ មានឈ្មោះ អ៊ឹង សុខកណ្ណិកា មានអាយុទើបតែ ១ខួប បណ្ដាលឲ្យមានរបួសជាច្រើនកន្លែង កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ៕