
ព្រះសីហនុ ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ កែវផុស ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផាន់យ៉ារ៉ាក់ ភូធូប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមនឹងតំណាងក្រសួង ស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអាជ្ញាធរដែនដី រាជធានី ខេត្ត និងសិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនទៀត។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជូន សុវណ្ណ ប្រធានគណៈកម្មការកសាងមជ្ឈមណ្ឌលជាតិ មតិស្វាគមន៍របស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំណាប់អារម្មណ៍របស់ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និង ឯកឧត្តម ផាន់យ៉ារ៉ាក់ ភូធូប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សប្បុរសជននានា ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សាងសង់មជ្ឈមណ្ឌលជាតិនេះឡើង។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា មជ្ឈមណ្ឌលជាតិនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផលទាំងឡាយ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាគ្រឿងញៀន និងលើកកម្ពស់សុខភាពសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំបទដ្ឋានមួយច្បាស់លាស់សម្រាប់ដំណើរការជាអចិន្រ្តៃយ៍មជ្ឈមណ្ឌលនេះ រួមមាន៖ លក្ខខណ្ឌវិនិច្ឆ័យសំរាប់ទទួលជនរងគ្រោះ វិធីសាស្រ្តព្យាបាល និងស្តារនីតិសម្បទា បណ្តុះបណ្តាល វិជ្ជាជីវៈ និងសមាហរណកម្ម និងត្រូវពង្រឹងនិងពង្រីកបន្ថែមនូវរចនាសម្ព័ន្ធ មន្រ្តី បុគ្គលិកស្របតាមគោលការណ៍ច្បាប់ សម្រាប់ការងារគ្រប់គ្រង និងបម្រើការនៅក្នុងមជ្ឈមណ្ឌលជាតិនេះ ប្រកបដោយប្រសិទ្ធភាព ស្របតាមស្ថានភាពនិងតម្រូវការជាក់ស្តែង។ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងខេត្តព្រះសីហនុ ត្រូវបន្តសហការជួយគាំទ្រមជ្ឈមណ្ឌលជាតិនេះដំណើរការទៅដោយរលូន ប្រកបដោយគុណភាពនិងនិរន្តភាព។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យសប្បុរសជនជាតិ និងអន្តរជាតិជួយបន្តចូលរួមវិភាគទានអភិវឌ្ឍមជ្ឈមណ្ឌលជាតិនេះបន្តទៀត និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។