
ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ និងរថយន្តយ៉ាងសកម្មនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាចំនួន២០ករណីផ្សេងៗគ្នាត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន រួមជាមួយវត្ថុតាងជាច្រើន។
សមត្ថកិច្ចបានបង្ហាញមុខជាសាធារណៈកាលពី វេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ជនសង្ស័យទាំងនោះសមត្ថកិច្ចបានអោយដឹងថា
១ ឈ្មោះ ត្រេន ធឿន ហៅគង់សំណាង ហៅឡេង ថា ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅផ្ទះជួលលេខ៧E ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារហើយទើបតែត្រូវបានដោះលែងបាន១ខែតែប៉ុណ្ណោះ
២-ឈ្មោះ ធី ហេង ហៅប៉ា អាប៉ូយ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា
៣- ឈ្មោះ ស្លេះ បញ្ញា ហៅកៃ អាយុ៣៤ឆ្នាំ មានលំនៅផ្ទះជួលតាមផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការណ៍ជាមួយនគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលលេខ ៧អឺ ផ្លូវលេខ៤២២ ភូមិ ចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូចំនួន ១៤គ្រឿង ដែលជារបស់ជនរងគ្រោះ និងរថយន្តម៉ាកកាមរីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២T.៨០០៣មួយគ្រឿង ព្រមទាំងវត្ថុតាងជាច្រើនទៀតដែលយកមកបង្ហាញនៅពេលនេះ ។
លោកនាយការិល័យ ព្រហ្មទណ្ឌ កំរិតស្រាល បានអោយដឹងបន្ថែមទៀតថា ជនសង្ស័យ ជាមុខសញ្ញាលួចម៉ូតូ និងរថយន្តយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដោយជនសង្ស័យមានបក្សពួកចំនួន៦នាក់ មានរថយន្តមួយគ្រឿង បានដឹកទម្លាក់ធ្វើសកម្មភាព លួចយកម៉ូតូ និងរថយន្តតែម្តង ។
ចម្លើយសារភាពរបស់ជនសង្ស័យបាននិយាយថា ធ្វើសកម្មភាពលួចចំនួន២០ករណីយកបានម៉ូតូចំនួន៤៤គ្រឿង និងរថយន្តចំនួន២គ្រឿង ក្នុងនោះ ធ្វើសកម្មភាពក្នុង
រាជធានីភ្នំពេញបានចំនួន៥ករណី យកម៉ូតូបាន២៥គ្រឿង
ខេត្តកំពតចំនួន៥ករណី យកបានម៉ូតូចំនួន៦គ្រឿងនិងរថយន្តចំនួន២គ្រឿង
ខេត្តកំពង់ស្ពឺលួចបានចំនួន៦ករណី យកម៉ូតូបានចំនួន៧គ្រឿង
ខេត្តតាកែវលួចបានចំនួន៤ករណី យកបានម៉ូតូចំនួន៦គ្រឿង ។
សកម្មភាពលួចគឺ ជនសង្ស័យបានយកដែកសំប៉ែតចុងស្រួច និងសោទីបលេខ៨ កាច់សោកុងតាក់ម៉ូតូលួចតែម្តង ។
ក្រោយពីសមត្ថកិច្ចបង្ហាញរួច ក៏បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមច្បាប់ ៕