
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តបែនដឹកខ្សាច់ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកនឹងម៉ូតូស៊ុយសុគីនិចមួយគ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប ខណៈពេលមេឃភ្លៀងធ្លាក់ខ្លាំងពីក្រោយ ទើបបណ្ដាលឲ្យរថយន្ត អូសជិត១០ម៉ែត្រ ព្រមទាំងធ្វើឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ និងស្លា.ប់ម្នាក់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
គ្រោះថ្នាក់ខាងលើកើតឡើងកាលពី វេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅត្រង់ស្តុបវត្តចាក់អង្រែក្រោម ផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនរងគ្រោះខាងលើឈ្មោះ ភឿន ស្រីនី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរធ្វើការនៅហាងអ៊ីនធើរណេត ស្នាក់នៅផ្ទះជួលក្បែរផ្ទះប្រធានភូមិ ស្ថិតក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកឯយុវជនជាអ្នកបើកបរម៉ូតូឈ្មោះ អ៊ូ សុវណ្ណមករា អាយុ១៨ឆ្នាំ មានទីលំនៅក្បែរអតីតទីស្នាក់ការបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រងរបួសមួយចំហៀងខ្លួន ។
បងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៌បាននិយាយថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់បានជិះម៉ូតូម៉ាកស៊ុយស៊ុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD 1500 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។
ប្រជាពលរដ្ឋបានបន្តទៀតថា លុះពេលដល់កន្លែងកើតហេតុ ជនរងគ្រោះក៏ឈប់ម៉ូតូរង់ចាំភ្លើងស្កុប ហើយពេលនោះ ក៏មានបុរសម្នាក់ទៀតបើករថយន្តបែនដឹកខ្សាច់ ម៉ាក DONG FIN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E 5725 ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រ ទិសដៅស្របគ្នា ដោយមើលមិនឃើញម៉ូតូជនរងគ្រោះ ក៏បានបុកម៉ូតូពីក្រោយ អូសជិត១០ម៉ែត្រ បានបណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ធ្ងរ ក៏បានបញ្ជួនតាមរថយន្តយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលនៅពេលទៅដល់មន្ទីរពេទ្យ នារីរងគ្រោះដែលអង្គុយខាងក្រោយក៏បានដាច់ខ្យល់ស្លា.ប់បាតទៅហើយ ចំណែកបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះនៅឯមន្ទីពេទ្យ ។
ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ដែលបន្សល់ទុករថយន្ដនៅនិងកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ក៏បានធ្វើទាក់ទងទៅសាច់ញាតិ ដើម្បីអោយមកទទួលស.ពនារីរងគ្រោះ យកទៅធ្វើបុណ្យនៅវត្តចាក់អង្រែក្រោមតាមប្រពៃណី។
រីឯរថយន្ដនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ៕