
ឧត្ដរមានជ័យ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើកបររយន្តលឿនដូចហោះ ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យ ក្មេងស្រីម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ ២៦២៥ នៅចំណុចផ្លូវបំបែកកែង ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយបុរសឹម្នាក់ បើកបររថយន្ត Lexus RX300 ក្នុងស្ថានភាពស្រវឹងជោគជាំ បត់កែងមិនទាន់ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ ឈ្មោះ យ៉ុង អេម ភេទប្រុស អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះ ហៀង សារីន អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំភូមិឃុំកើតហេតុខាងលើ បណ្តាលឱ្យកូនម្ចាស់ផ្ទះម្នាក់ ដែលកំពុងងូតទឹកក្នុងបន្ទប់ទឹករងរបួសធ្ងន់ ក្មេងរងគ្រោះឈ្មោះ អេម ឆវី ភេទស្រី អាយុ ១១ ឆ្នាំ រងរបួសត្រង់ផ្ទៃមុខ បាក់ដៃខាងស្ដាំ និងខូចខាតផ្ទះមួយចំណែក។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កបើករថយន្ក្ក្តក្នុងស្ថានភាពស្រវឹងជោគជាំ ឈ្មោះ ឡេន ណូរុន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាក Lexus RX300 ពណ៌ស្ករ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៩១២២ មិនរងរបួស ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ចំណែកអ្នកបើកបរត្រូវឃាត់ខ្លួន និងវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕