
កំពង់ចាមៈ សមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណ អ្នកបើកបររថយន្ត ដឹកប្រេងមួយ ដែលគេចខ្លួន ក្រោយពី បានបើកបុក ម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ នៅលើស្ពានគីហ្សូ៊ណា។
ហេតុការណ៌ខាងលើ កើតឡើងកាលពីវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី ២០ ខែមីនា ម្សិលមិញនេះ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្រោមកង់មុខរថយន្ត មានឈ្មោះ ឈន វ៉ាន់ឆៃ អាយុ ២៨ ឆ្នាំ ជាអ្នកជិះម៉ូតូខាងក្រោយ និងអ្នករបួស ជាអ្នកបើកបរម៉ូតូម៉ាក វីសិន គ្មានស្លាកលេខ ឈ្មោះ អែល តុងហេង អាយុ ២២ ឆ្នាំ។
អ្នកស្លាប់ និងអ្នករបួស មានទីលំនៅ ភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ថិច្ចបានឲ្យដឹងទៀតថា ចំណែកឯខាងរថយន្ត ប្រភេទស៊ីទែនប្រេង របស់ក្រុមហ៊ុនតេលា ម៉ាកអាងទ័រណាស់សូណាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6133 សណ្តោងរ៉ឺម៉កស៊ីទែនសាំង ពាក់ស្លាកលេខ ភ្នំពេញ 4A-2641 ។ ដោយសារតែការខ្វះ ការប្រុងប្រយ័ត្ន ក្នុងការបើកបរ បានទៅបុកម៉ូតូខាងលើ ដែលកំពុងបើកបរទិសដៅបញ្ច្រាសគ្នា កិនចំដងខ្លួន ស្លាប់ម្នាក់ និងកិនជើង របួសធ្ងន់ម្នាក់ ហើយខាងអ្នកបើកបររថយន្ត ដែលនៅមិនទាន់ ស្គាល់អត្តសញ្ញាណ បានចតទុកចោល គេចខ្លួនបាត់៕