ភ្នំពេញ ៖ ស្រីស្អាតម្នាក់មកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចកចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីរូបស្រស់ខាងលើមានឈ្មោះ វី អាយុ១៨ឆ្នាំ ស្នាក់នៅម្តុំផ្សារកណ្តាល មានកូនតូចម្នាក់អាយុ១១ខែ ។
នារីរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា ពីមុននាងធ្លាប់ជាមនុស្សមិនល្អ មិនស្តាប់បង្គាប់ឪពុកម្តាយ គិតតែពីការសប្បាយ រហូតចាញ់បោកសង្សារ និងមានកូនទៀត កន្លងមកនាងធ្លាប់បានកែប្រែកំហុសខ្លួនដែរ ប៉ុន្តែនៅក្នុងគ្រួសារនាងហាក់គ្មានអ្នកណាយល់ពីអារម្មណ៍នាងឡើយ ។
ពួកគាត់មិនសូវខ្វាយខ្វល់ពីនាង និងតែងតែស្តីបន្ទោសដាក់នាងគ្រប់ពេល ចំណែករឿងស្នេហាវិញ ក៏ទទួលបានតែការខូចចិត្តដូចគ្នា ។
នាងបានបន្តថា មួយរយៈពេលចុងក្រោយនេះ នាងក៏មិនយល់ពីខ្លួនឯងដែរ គ្រប់ពេលដែលនាងនៅម្នាក់ឯង គឺតែងតែមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងរហូត តែត្រូវគ្រួសារជួយទាន់ពេលរហូត ។
កន្លងមកនាងធ្លាប់បានលេបថ្នាំសម្លាប់ខ្លួន ២ដងមកហើយ តែត្រូវមិត្តភ័ក្ដិ និងគ្រួសារជួយសង្គ្រោះទាន់ពេលវេលា ចំណែកមកលោតទឹកនៅស្ពានជ្រោយចង្វារនេះ នាងមកជាលើកទី៣ហើយ តែមិនបានសម្រេច ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលបានទាំង ៣លើក ។
ប្រភពពីមិត្តភក្តិ និងសាច់ញាតិរបស់នារីរងគ្រោះខាងលើ បានប្រាប់ឱ្យដឹងថា ចំពោះមូលហេតុពិតប្រាកដ ពួកគាត់ក៏មិនដឹងច្បាស់ដែរ តែឮនារីរងគ្រោះធ្លាប់បានរអ៊ូរទាំរឿងគ្រួសារមិនយល់ចិត្តនាង ក៏ដូចជារឿងស្នេហាជួបតែរឿងខកបំណង តែចម្លែកត្រង់ថា ពួកគាត់បាននិយាយលួងលោម និងលើកទឹកចិត្តនាងរហូត តែមួយរយៈពេលចុងក្រោយនេះនាងតែងតែមានគំនិតចង់បញ្ចប់ជីវិតខ្លួនឯងរហូត ហើយពួកគាត់ក៏មិនដឹងថា អាចជួយសង្គ្រោះនារីខាងលើ បានទាន់បែបនេះ ដល់ពេលណាទេ ។
ក្រោយកើតហេតុ នារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋឃាត់ជាប់ជាលើកទី៣ និងបានទាក់ទងហៅសាច់ញាតិឱ្យមកទទួលយកនាងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ៕