
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបលុយពីក្មេងប្រុសអាយុ១៣ឆ្នាំដើររើសអេតចាយជាមួយជីដូនបានសម្រេច តែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីក្មេងប្រុសរងគ្រោះមានឈ្មោះ ជេង គឹមលាង អាយុ១៣ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ បានដើររើសអេតចាយជាមួយជីដូនតាមគំនរសំរាម តាមផ្លូវតាំងពីផ្សារ២០០៤ ដើររើសរហូតដល់ចំណុចក្បែរវិទ្យាល័យហ៊ុន សែនបុរី១០០ខ្នង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ពេលនោះ ជីដូនរបស់ខ្លួន បានឈប់រើសអេតចាយនៅក្នុងគំនរសំរាម ចំណែកឯរូបគេវិញ ក៏បានឈរលេងតែម្នាក់ឯងឆ្ងាយពីជីដូន ដោយនៅលើខ្លួនមានស្ពានកាបូបលុយមួយជាប់នឹងខ្លួន ដែលនៅក្នុងកាបូបនោះមានលុយជាង១០ម៉ឺនរៀល ដែលបានមកពីការលក់អេតចាយផងដែរ ។
ក្មេងប្រុសរងគ្រោះបន្តទៀតថា លុះដល់វេលាកើតហេតុ ក៏មានជនសង្ស័យម្នាក់ បានដើរទៅជិតរូបគេ រួចក៏បានធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេច ហើយជនសង្ស័យនោះក៏ព្យាយាមរត់គេចខ្លួន តែរូបគេ ក៏បានរត់ដេញតាមពីក្រោយ និងស្រែកថា «ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ បាននាំគ្នាជួយស្ទាក់ចាប់បាននៅត្រង់ចំណុចកើតហេតុ និងបានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន រួចក៏បានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានតែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួចទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំបញ្ជូនបន្តទៅតុលាការធ្វើការចាត់ការទៅតាមនីតិវិធីជាបន្តទៀត៕