
ស្ទឹងត្រែង ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ តែមិនបានសម្រេចត្រូវប៉ូលិសតាមចាប់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ មីនា ឆ្នាំ២០២០ នៅចំណុចកែងផ្សារសាមគ្គីស្ទឹងត្រែង កណ្តាលក្រុងស្ទឹងត្រែង ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហ្ស៊ូមម័រ ចេញពីកែងផ្សារខាងលិចទៅកែងផ្សាខាងកើត ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកវ៉េវអាលហ្វា ពណ៌ក្រហម មួយគ្រឿង គ្មានស្លាកលេខ តាមពីក្រោយ លុះមកដល់ចំណុចកើតហេតុក៏បានឆ.ក់ទូរស័ព្ទជនរងគ្រោះតែមិនបានសម្រេច ដោយសារប៉ះដៃម៉ូតូនឹងគ្នាបណ្ដាលឲ្យជនសង្ស័យដួលម៉ូតូ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូចោលនិងស្បែកជើងមួយគូរ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយកើតហេតុប្រហែលជាជាងកន្លះម៉ោងប៉ូលីសបានចាប់ខ្លួនជនសង្ស័យបានម្នាក់ភ្លាមៗ។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌបានចុះស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ ឈ្មោះ លី ស៊ីឡុង ហៅ ធូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចដដែលបន្តថា ក្រោយចាប់ជនសង្ស័យបានម្នាក់ កម្លាំងនគរបាលក៏បានស្ទាក់គ្រប់ច្រកល្ហក តែរហូតដល់ម៉ោងជិត១០យប់ មិនទាន់ចាប់បាន ទើបរំសាយកម្លាំងវិញ។
សមត្ថកិច្ចបន្តអោយថាជនសង្ស័យខាងលើនឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០២២នេះ ក្រោយបញ្ចប់នីតិវិធី៕