
ព្រះសីហនុ ៖ ករណីក្មេងស្ទាវ២ក្រុម បើករថយន្តដេញបុកគ្នាផ្អើលពេញផ្លូវ ហើយបុករះម៉ូតូ រថយន្តជាច្រើនគ្រឿង និងផ្ទះលក់ដូររបស់ប្រជាពលរដ្ឋ ដោយសារមានជម្លោះហិង្សាជាមួយគ្នា។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២៣ៈ០០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ តាមបណ្តោយផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AW-7185 បានបើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង តាមពីក្រោយម៉ូតូមួយគ្រឿង ម៉ាកHonda Dream សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ មិនមានស្លាកលេខ ជិះគ្នា២នាក់ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយម៉ូតូខាងលើយ៉ាងពេញទំហឹង និងបន្តបុករះរថយន្តមួយគ្រឿងទៀត ម៉ាកNisan ពណ៌ក្រហម ពាក់ស្លាក់លេខកម្ពុជា Nang 7787 រួចបន្តប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកScopy ពណ៌ទឹកប៊ិច មិនមានស្លាកលេខ ជិះគ្នា២នាក់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តបុករះចូលផ្ទះរបស់ពលរដ្ឋលក់ដូរនៅក្បែរនោះ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ និង បណ្តាលឱ្យមនុស្សចំនួន០៥នាក់រងរបួសធ្ងន់ និងស្រាល។
តាមចម្លើយសារភាពរបស់មិត្តភក្តិរួមដំណើរក្នុងរថយន្តព្រុសខាងលើបាននិយាយថា គឺដោយសារទំនាស់ពាក្យសំដីគ្នា តាមបណ្តាញសង្គមTik Tok រហូតឈានដល់កើតករណីហិង្សា ដោយនៅមុនពេលកើតហេតុភាគីភាគីខាងម៉ូតូ បានយកដំថ្មគប់លើភាគីខាងរថយន្តមុន នៅម្តុំរង្វង់មូលតោពីរ ក្រោយមកពួកគេខឹង ក៏បានបើករថយន្តដេញតាមពីក្រោយម៉ូតូនោះ រហូតមកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូ ហើយបុករះរថយន្តនិងម៉ូតូពីរគ្រឿងទៀត ដែលឈប់ទិញភេជ្ជៈនៅផ្ទះលក់ខាងដូរលើ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៣នាក់ ជាអ្នករួមដំណើរក្នុងរថយន្តព្រុស ដែលធ្វើដំណើរមកពីភ្នំពេញជាមួយគ្នា ។
បច្ចុប្បន្ន ជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលខាងម៉ូតូចំនួន០៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យឯកជន។
ចំណែក វត្ថុតាង ម៉ូតូនិងរថយន្តចំនួន០៤គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោយស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕